Menu
Woocommerce Menu

ការស្វែងរក ដៃគូ​ជីវិត

0 Comment


ក្នុងការស្វែងរក ដៃគូ​ជីវិត​ ក៏ដោយ​ ដៃគូរកសុីឬមិត្តល្អ ក៏ដោយ​ កុំចាំរហូតដល់មានមនុស្សល្អដែលអ្នកចង់បាន ដើរចូលមកក្នុងជីវិតរបស់អ្នក សូមអ្នកជ្រើសរើសយកមនុស្សសាមញ្ញធម្មតាម្នាក់ មកឆ្នៃឱ្យទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ។ ក្នុងរឿងឆ្នៃមនុស្សនេះ ការលះបង់ សេចក្តីស្មោះត្រង់ និងភាពជាគំរូ​ វាគឺជារឿងសំខាន់ចាំបាច់ដែលមិនអាចខ្វះបានទេ សម្រាប់អ្នកដែលចង់ឆ្នៃគេ។ បើអ្នកធ្វើរឿងបែបនេះ នោះជាការឱ្យតម្លៃដល់ការខិតខំរបស់អ្នកផង និងជាការឱ្យតម្លៃដល់មនុស្សដែលអ្នកកំពុងតែឆ្នៃនោះផងដែរ។ មានមនុស្សច្រើនណាស់ដេករងចាំឱ្យមានមនុស្សដែលខ្លួនពេញចិត្តដើរចូលមកក្នុងជីវិតរបស់គេ ដោយគេភ្លេចគិតថា ការរងចាំបែបនេះគឺជាការផ្សងព្រេងមួយដែលកម្រនឹងបានដូចចិត្តខ្លាំងណាស់ ភាគរយនៃការបានជួបតិចបំផុត។ តែបើអ្នកចង់បានមនុស្សប្រភេទណាមួយចូលមកក្នុងទំនាក់ទំនងរបស់អ្នក ហើយបន្ទាប់មក អ្នកជ្រើសមនុស្សសាមញ្ញម្នាក់ដែលអ្នកសម្គាល់ថា គេមាននិស្ស័យជាមនុស្សទទួលយកការផ្លាស់ប្តូរបាន មកឆ្នៃដោយដៃអ្នកផ្ទាល់ នោះអ្នកងាយនឹងទទួលបានមនុស្សដែលអ្នកចង់បាននោះ ឱ្យចូលមកក្នុងជីវិតរបស់អ្នក បំផុត។ ដូច្នេះធាតុ៣ខាងលើ សំខាន់ណាស់ មុននឹងអ្នកចាប់ផ្តើមឆ្នៃមនុស្ស។

1-ការលះបង់
អ្នកកែគេ អ្នកត្រូវដឹងថា អ្នកត្រូវចំណាយការអត់ធ្មត់ ភាពសណ្តោស ការព្រមទទួលយកស្ថានភាពលំបាកៗ ខាតបង់ពេលវេលាខ្លួនអ្នក ខាតបង់ប្រយោជន៍ផ្សេងៗ ក្នុងបុព្វហេតុកែឱ្យបានមនុស្សល្អម្នាក់ តាមការយល់ឃើញរបស់អ្នក ហត់ធំជាងគេនោះគឺហត់ផ្នែកផ្លូវចិត្តដែលអ្នកត្រូវព្រមទទួលតាំងពីចំណុចាប់ផ្តើម។

2-សេចក្តីស្មោះត្រង់
អ្នកត្រូវមានសេចក្តីស្មោះត្រង់មួយដែលនឹងនាំជាប្រយោជន៍រួមដ៏ពិតប្រាកដចំពោះមនុស្សដែលអ្នកប្រុងនឹងកែ។ បើក្នុងករណីដែលអ្នកគ្មានភាពស្មោះត្រង់ចំពោះគេទេ នោះភាពជាមនុស្សល្អរបស់មនុស្សដែលអ្នកត្រូវកែ ក៏មិនអាចកើតមានដែរ។


3-ភាពជាគំរូ​
មេរៀនល្អៗដែលអ្នកផ្តល់ទៅឱ្យគេ វានឹងមានប្រសិទ្ធភាពឡើង នៅពេលដែលអ្នកមានភាពជាគំរូដូចដែលអ្វីដែលអ្នកបានបង្រៀនគេ។ បើអ្នកល្អបានតែមាត់​ រួចហើយគ្មានភាពជាគំរូ តើគេនឹងអនុវត្តតាមអ្នកដោយរបៀបណា​ វាស្របនឹងទ្រឹស្តីមួយដែលថា “ក្នុងការ​អនុវត្ត​ជាក់ស្តែង​ ទ្រឹស្ដី​មិនឈ្នះភាពជាគំរូនោះឡេីយ”​
ប៉ុន្តែ មុននឹងកែគេ អ្នកត្រូវព្រមទទួលយកលក្ខខណ្ឌមួយដែលវាអាចនឹងកើតឡើងនោះគឺ អ្នកអាចនឹងកែមិនបានជោគជ័យប្រសិនបើអ្នកជ្រើសយកមនុស្សដែលគ្មាននិស្ស័យជាមនុស្សកែប្រែ​ ឬ​ មនុស្សដែលច្រឡំថាខ្លួនបានកែប្រែ(ច្រឡំ​ថាស្គាល់ខ្លួនឯង) វាប្រៀបបានទៅនឹងការព្យាយាមកែ ដើមចេកឱ្យក្លាយទៅជាឈើខ្លឹមអីចឹងដែរ! ការព្យាយាម​ណែនាំ​ ការអត់ធន់​ អធ្យាស្រ័យ​ ក៍មានដែនកំណត់មួយដែរ ក្នុងករណីបែបនេះ វាមិនពាក់ព័ន្ធនឹងភាពប៉ិនប្រសព្វរបស់អ្នកក្នុងការកែគេនោះទេ មិនមែនអ្នកគ្មានសមត្ថភាពកែគេមិនបានសម្រេចនោះទេ តែវាពាក់ព័ន្ធនឹងចរិកធម្មជាតិរបស់មនុស្សដែលអ្នកកំពុងតែកែនោះទៅវិញទេ៕

ប្រភព៖ ទ្រឹស្តីនិងទស្សនៈល្អៗ

Leave a Reply

%d bloggers like this: